• 2017-04-23 00:29:03
  • ព័ត៌មាន

និស្សិត​ឆ្នើម​ៗផ្នែក​វិទ្យាសាស្រ្ត​​ប្តេជ្ញា​ចិត្ត ដណ្តើមយកមេដាយ​មាស​ពី​ម៉ាឡេស៊ី

  • 2017-04-23 00:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និស្សិត​ឆ្នើម​ៗមិន​តិច​ជាង ២៥ នាក់​រួម​ជាមួយ​​សាស្រ្តាចារ្យ​​ផ្នែក​វិទ្យាសាស្រ្ត​ពី​សាកលវិទ្យាល័យ​​ន័រ​តុន ព្រឹក​មិញ​នេះ​បាន​ចេញ​ទៅ​ចូលរួម​​សន្និសិទ្ធ​អន្តរជាតិ​ស្ដីពី “ការស្រាវជ្រាវ និងការបង្កើតថ្មី” ផ្នែក​វិទ្យាសាស្រ្ត​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេសុី។ និស្សិត​​ទាំង​នោះ​មាន​មក​ពី​ផ្នែក​អគ្គិសនី​និង​អេឡិចត្រូនិក និង​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ។

សាស្រ្តចារ្យផ្នែក​វិទ្យាសាស្រ្តលោក ឈឿង រចនា ដែលមាន​​តួនាទី​ដឹកនាំ​ក្រុម​និស្សិត​ទៅ​ចូលរួម​បាន​ឲ្យ Sabay ដឹង​ថា ​សន្និសិទ្ធ​អន្តរជាតិ​​លើក​ទី១ ស្ដីពី “ការស្រាវជ្រាវ និងការបង្កើតថ្មី” ផ្នែក​វិទ្យាសាស្រ្ត​​ដែល​រៀបចំ​នៅ​ប្រទេស​ម៉ាឡេសុី មានប្រទេស​ចំនួន​​​ ១៦ ​ចូលរួម។ ​កម្មវិធី​​នេះ​​មាន​ការ​​លើក​យក​គម្រោង​ស្នាដៃ​ផ្នែក​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ធ្វើការ​​​ប្រកួតប្រជែង​គ្នា។

លោកសាស្រ្តាចារ្យ​បាន​បញ្ជាក់​​ថា ក្រុមនិស្សិត​របស់​លោក​បាន​យក​គម្រោង​​សរុបចំនួន ៦ ចូលរួម​​ប្រកួតប្រជែង​ក្នុង​នោះ​មាន​​គម្រោង ៣ របស់​និស្សិត​​ផ្នែក​អគ្គីសនី និង​អេឡិតត្រូនិច និង ៣ ទៀត​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ។

រូប​ថត​និស្សិត​ឆ្នើម​ៗ​ ២៥ រូប​រួម​ជាមួយ​និង​សាស្រ្តាចារ្យ​​
និស្សិុត​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ និង​អគ្គីសនី និង​អេឡិតត្រូនិច​
លោក ឈឿង រចនា

លោក​រំពឹង​ថា តាម​រយៈ​ការ​ខិតខំប្រឹង​ប្រឹង​​​​ គម្រោង​ស្នាដៃ​ដែល​​បាន​សម្រិតសម្រាំង​យក​ទៅ​ប្រកួតប្រជែង​​​ នឹង​អាច​ដណ្តើម​​បាន​មេដាយ​និង​​​ពាន​​កិត្តិយស​​ដើម្បី​មុខមាត់​ជាតិ​និង​សាលា​រៀន។

និស្សិុត​ផ្នែក​អគ្គីសនី និង​អេឡិតត្រូនិច​ វ៉ាត ម៉េង​លី ជា​សមាជិកក្រុម​​ម្នាក់​​ក្នុង​ចំណោម​និស្សិតឆ្នើមៗ​ទាំង ២៥ រូប​ បាន​នាំ​គម្រោង​ថ្មី​មួយ​មាន​ឈ្មោះ​ថា ប្រព័ន្ធ​វិភាគ​ទិន្នន័យ​ពី​អគ្គីភ័យ​តាម​រយៈ GPRS/GSM ទៅ​ចូល​រួម​ប្រកួត​​ប្រជែង​។

ម៉េង​លី ដែល​ចូលរួម​ជា​លើក​ទី​មួយ​បាន​​បេ្តជ្ញាចិត្ត​ក្នុង​ការ​ដណ្តើម​មេដាយ​ បើ​ទោះ​បី​ដឹង​ថា​ការ​ប្រកួត​​នេះ​ជួប​ការ​លំបាកដែល​​មាន​ការ​ប្រកួត​ប្រជែង​ពី​​បេក្ខជន​មកពី​បណ្តា​ប្រទេស​​​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ថា ​​គម្រោង​​សរុបចំនួន ៦ ដែល​សាកលវិទ្យាល័យ​ន័រ​តុន​បញ្ជូនទៅ​ចូលរួម​ ក្នុង​នោះ​មាន​​ ៣ គម្រោង​របស់​និស្សិត​​ផ្នែក​អគ្គីសនី និង​អេឡិតត្រូនិច​​ក្នុង​នោះ​រួម​មាន៖

  • ប្រព័ន្ធ​ផ្ដល់​ព៏ត៌មាន​ពី​អគ្គីភ័យ​តាម​រយៈ GPRS/GSM
  • ប្រព័ន្ធ​វិភាគ​ទិន្នន័យ​ពី​ស្ថានភាព​ដី សម្រាប់​វិស័យ​កសិកម្ម
  • ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍

ចំណែក ៣ ​គម្រោង​ទៀត​ជា​របស់​ផ្នែក​វិទ្យាសាស្រ្តកុំព្យូទ័រ​​​​រួម​មាន៖

  • កម្មវិធី​ប្រលង​ច្បាប់​ចរាចរណ៍​សាកល្បង
  • កម្មវិធី​ការបញ្ជាកុំព្យូទ័រ​តាម​ការ​និយាយ
  • កម្មវិធី​កង្ហា​ឆា្លតវៃ៕
ព័ត៌មានពី​កម្មវិធិ IDRIS 2017
លិខិត​អញ្ជើញ​ចូល​រួម​កម្មវិធី IDRIS 2017

អត្ថបទ៖ រក្សា

មតិយោបល់